Monthly Archives: April 2017

ជីវិតសាមញ្ញលោកតុង សុប្រាជ្ញ អ្នកវិភាគសង្គមដ៏ស៊ីជម្រៅ

ដកស្រង់អត្ថបទទាំងស្រុងពីទស្សនាវដ្តី ខ្មែរអប្សារា បានចុះផ្សាយកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣

KHMER79.COM (ERROR)

ដោយ វិន​ ឈុនហ៊ាត

(Full Text)

លោក សុប្រាជ្ញ ចូលរួមហែរវ៉ែស្ប៉ាលេងនៅទីក្រុងភ្នំពេញ អបអរសារទរ​ទិវាបុណ្យឯករាជ្យជាតិ ថ្ងៃទី៩ វិច្ឆិកា ២០០៩។ រូបថត ហេង ជីវ័ន្ត ភ្នំពេញប៉ុស្តិ៍

បើ​គេ​​និយាយ​​ដល់​​ឈ្មោះ​​លោក តុង សុប្រាជ្ញ មិន​​ថា​​ពលរដ្ឋ​​សាមញ្ញ​ អ្នក​រត់​​ម៉ូតូ​ឌុប​ មន្រ្តី​​រា​ជ​ការ​ និវត្តន៍ជន​ ​ឬ​​អ្នក​នយោ​បាយ​​​ថ្នាក់​​​ទាប-​ថ្នាក់​​ខ្ពស់​​នោះ​​ឡើយ ​គេ​​តែង​​ស្គាល់​​លោក​​តា​ម​រយៈ​​ស្នាដៃ​​អត្ថ​បទ​​វិភាគ​សង្គម​​ដ៏ស៊ី​​ជម្រៅ​ ដែល​​ចុះផ្សាយ​​នៅ​​​កាសែត​​ភ្នំពេញ​​ប៉ុស្តិ៍​​ជាភាសា​ខ្មែរ​​រៀង​​រាល់​​សប្តាហ៍​។

ស្នាដៃ​​ដែល​​គេ​ចាំ​​បាន​ខ្លះៗ​​របស់​​លោក​​គឺ​​មាន​​ចំណង​​ជើង​​ថា​៖ ​​«​លោក ​សម រង្ស៊ី​​ចង់ដឹក​នាំ​​បក្ស​​តាម​​របៀប​​លោក ​ឡេនីន​ ឬ​ក៏​តាម​​របៀប​​លោក ​ម៉ាន់​​ឌឺឡា?​»​ដែល​​លោក​​ប្រៀប​ធៀប​​អ្នក​​នយោបាយ​​ខ្មែរ​ ទៅ​នឹង​​ក្នុង​​រឿង​​ភា​គ​សម្រាប់​កុមារ​​តុក្កតា​​​​ឆ្មារ​​ និង​​​កណ្តុរ​​(Tom & Jerry)​ ដ៏​ល្បី​​នោះ​​​។ ​សត្វ​​កណ្តុរ​ និង​​ឆ្មា​ តែងតែ​ដាក់​​អន្ទាក់​​ ឬក៏​​ខ្ចី​ដៃ​​គេ​​ប្រើ​​ធ្វើ​បាប​​គ្នា​ម្នាក់​​ម្តង​​។​ កាល​​ណោះ​​លោក ​​សុប្រាជ្ញ​​ហាក់​​ចំអក​​អោយ​​មេដឹក​នាំ​​ដែល​​និរទេស​​ខ្លួន​​មិន​​ហ៊ាន​​ចូល​​ស្រុក​ថា​​​សម្រាប់​​បរិបទ​​ស្រុក​​ខ្មែរ​បច្ចុប្បន្ន​នេះ ​​បើ​​លោក​ ​សម រង្ស៊ី​​ធ្វើ​​តាម​​លោក ​ឡេនីន ​នៅ​​ប្រយុទ្ធ​​ក្រៅ​​​សង្វៀន​ ហាក់​បី​​ដូច​ជា​​ទ្រង់​​យ៉ាប់​​ច្រើន​​ហើយ​​ទៅ​​រក​​ឱកាស​​ធ្វើ​​នាយក​​រដ្ឋ​​មន្ត្រី…​តែ​​ក្រោយ​​ពី​ការ​សរសេរ​​បាន​​បន្តិច​​ស្រាប់​​តែ​ ​​គេឃើញ​​មេបក្ស​​ប្រឆាំង​​វិល​​ត្រឡប់​​ចូល​​ស្រុក​​យ៉ាងគ្រហឺហឺ​វិញ ធ្វើ​​ឲ្យ​​អ្ន​ក​​គាំទ្រ​​លោក​​សាទរ​​ជា​​ខ្លាំង​។​

កន្លងមកលោកនាយរដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់មានប្រតិកម្មចំពោះអត្ថបទវិភាគរបស់លោក តុង សុប្រាជ្ញ​ ថា៖«កាសែតភ្នំពេញប៉ុស្តិ៍​និយាយត្រូវ ចំពោះអត្ថបទដែលថា កម្ពុជា​គួរ​បង្កើត​ក្រម​សីលធម៌​ និង​ស្តង់ដារ​ភាសា​សម្រាប់​​​ថ្នាក់​ដឹក​នាំ​ជាតិ​ថ្លែង​ក្នុង​ទីសាធារណៈ។ កាលណោះ លោក​នាយករដ្ឋមន្ត្រី​ចង់​ឲ្យ​មាន​ច្បាប់​ហ្នឹងតែម្តង។

ក្រុងភ្នំពេញក្លាយជាបឹងពេលភ្លៀងខ្លាំង។ រូបថត អត្ថបទវិភាគសង្គម នៅលើទំព័រ កាសែតភ្នំពេញប៉ុស្តិ៍។

អត្ថ​បទ​ស្រ​ដៀង​​នេះ​​មួយ​ទៀត​​ដែល​​គេ​ចាំ​​បាន​​នោះ​ គឺ​​សរ​សេរ​ថា៖ ​«យក​លុយ​នៅ​ផ្លូវ​វេងស្រេង តែ​មិន​អភិវឌ្ឍ​ផ្លូវ» ​អត្ថបទ​​នេះ​សំដៅ​​ទៅ​លើ​ផ្លូវ​វេង​​ស្រេង ​ចាប់ពី​​ថ្លឹង​រថយន្ត​​យក​​លុយ​​ចោម​ចៅ​ រហូត​​ដល់​​ចំណុច​​ថ្លឹង​​រថយន្ត​​យក​លុយ​​ច្រមុះ​​ជ្រូក​​បឹង​ក្រពើ​     ជិត​​សាលា     ពា​ណិជ្ជ​​សាស្រ្ត​​ស្ទឹង​​មាន​ជ័យ​ បើ​គេនិយាយ​​ដល់​​ផ្លូវ​នោះ​​ពេល​​មេឃ​​ភ្លៀង​​គ្រលុក​​ជម្រៅ​​ជង្គង់​ ឬ​ជ្រៅ​​ជាង​​នេះ​ ហើយ​​បើ​មេឃ​​រាំង​​វិញ​​ផ្លូវ​​ជាតិ​​ដែល​​មាន​​សក្តានុ​ពល​​សេដ្ឋកិច្ច​​មួយ​​នេះ​ ហុយ​​រក​មើល​​អ្វី​​មិន​​យល់​​ទេ​ ដល់​​ពេល​មេឃ​​ភ្លៀង​​សុទ្ឋ​​តែ​​ភក់​​ល្បាប់​ ជា​ហេតុ​​ធ្វើ​ឲ្យ​​មាន​​គ្រោះ​ថ្នាក់​​ចរាចរណ៏​​ញឹក​ញាប់​។ ​ហើយ​​ក្រោយ​ពី​ចុះ​​ផ្សាយ​​អត្ថបទ​​ខាង​លើ​មួយ​​រយៈ ​ស្រាប់​​តែ​​ឥឡូវ​​សាលា​ក្រុង​​ប្រកាស​​ស្ថាបនា​​ផ្លូវនេះ​​ឡើង​វិញ​​ភ្លាមៗ​​ដែរ​។ ​

តែ​​ផ្ទុយ​​ទៅ​​វិញ ​មាន​​អត្ថបទ​​ខ្លះ​​ការ​​សរសេរ​​របស់​​លោក ​ក៏​មិន​ទាន់​ឃើញ​​មាន​​អ្វី​ប្រែ​ប្រួល ​និង​​ចាត់វិធាន​​ការជា​​ដុំកំភួន​​ដែ​រ​ដូចជា​ ការ​លើក​​យក​​គ្រោះ​ថ្នាក់​​ចរាចរ​ណ៍​​ របស់​​លោក​ បណ្ឌិត​រដ្ឋ​​ ជាម​ យៀប ​សមា​ជិក​​សភា​​ជាន់ខ្ពស់​​ នៅ​ពេល​​​បុក​​ប្រជា​ពលរដ្ឋ​​ស្លាប់​ ក្លាយ​​ទៅ​​ជា​​បណ្ឌិត​​រត់​ទៅ​​វិញ​។​  អត្ថបទ​​មាន​​ប្រជា​ប្រិយ​​ភាព​​ជាងគេ​​នោះ ​គឺ​សរសេរ​​ចំអកទៅ​​បណ្ឌិត​​មាន​​តែ​​សញ្ញាបត្រ​​មួយ​​ចំនួន​​ និងបណ្ឌិត​ដែល​មាន​​តែ​នៅ​ក្នុង​ព្រះរាជ​ក្រិត្យ​ មាន​​ចំណង​​ជើង​​ថា៖ ​​ «​​កុំច្រឡំ​​បណ្ឌិត​​ពិត​ និង​​បណ្ឌិត​​ចែក​​អំណោយ»​…​ជា​ដើម។

យើង​​មិន​​បរិយាយ​​ឲ្យ​ច្រើន​​ពេក​ទេ​ចំពោះ​​ស្នាដៃ​​វិភាគ​​សង្គម​​នេះ ​ប៉ុន្តែ​​យើង​​សូម​ចូល​ដល់ជីវិត​បែប​សាមញ្ញ​​របស់​​លោក​ សុប្រាជ្ញ វិញ បើ​និយាយ​​ទៅ​គ្មាន​​អ្នក​ណា​ជឿថា​​រូបរាង​​របស់​​លោក​ខាង​​ក្រៅ​វិញ​ សម​​នឹង​ពាក្យ​​សាមញ្ញា​​និយាយថា​​មិន​​ស៊ី​ទៅ​​នឹង​អត្ថបទ​​វិភាគ​​ជ្រៅៗ​​នោះ​ទេ​។ ​នៅ​ពេល​​អ្នក​​យក​​ព័ត៌មាន​​យើង​ សុំ​​សម្ភាស​​ហើយ​​ ណាត់គ្នា​​ហើយ​​​ចាំមួយ​​សន្ទុះ​​ស្រាប់​តែ​​ឃើញ​​លោក​​ជិះម៉ូតូ​​វ៉េស្ប៉ា​ឆ្នាំ​៦០​ប្លាយ​​ទៅ​ដល់ ​ពេលនោះ​​អ្នកព័ត៌​មាន​​យើង​​ឃើញ​​រូប​​លោក​​ហើយ​ ក៏​មិ​ន​​ចាប់​​អារម្មណ៏​ដែរ​ ស្មាន​​តែ​និស្សិត​​ចេញ​​ពី​​សាកល​វិទ្យា​ល័យ​ ពេល​នោះ​ ​​​ខ្ញុំភ្ញាក់​​ព្រើត​​លោក​ សុប្រាជ្ញ ​មុខ​នៅ​​ក្រៅ​​អ៊ីចឹង​​ទេ​​តើ​!​។​

លោក សុប្រាជ្ញ ជាមួួយនឹងវ៉ែស្ប៉ាសំណព្វចិត្ត នៅសាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ។

នៅ​ទាម​​កាហ្វេ​​ស្ងាត់​​មួយ​​នោះ​​ហើយ​ លោក​ តុង សុប្រាជ្ញ ​មុខ​ក្មេង​​សម្តី​ចាស់​​និយាយ​​មិន​លាក់​​លៀម​ពី​​ប្រវត្តិ​ខ្លួន​ឯង​ និង​​ក្រុម​គ្រួសារ​​នោះ​ទេ​​ ដោយ​និយាយ​​បណ្តើរ​​ដៃ​ម្ខាង​​លើក​ពែង​​កាហ្វេ​​ក្រេប​តិចៗ​​បណ្តើរ​ ក្រោយពី​​ចាប់​​កំណើត​​នៅ​អំឡុង​ឆ្នាំ​១៩៧៦ ​បាន​​មួយ​​ឆ្នាំ​​មិន​​ទាន់​ឃើញ​​មុខ​​ឪពុក​​ផ​ង របប​​អាវខ្មៅ​​វាល​ពិឃាត​​បាន​​សម្លាប់​​ឪពុក​​ឈ្មោះ ​ជូ តុង​ គាត់​​ចោល​​បាត់​​ទៅ​​ហើយ​ ដោយ​សារ​​គាត់​ជា​​អតីត​​ទាហាន​​សក្ត័​៣​​ផ្នែក​​រដ្ឋបាល ​ក្នុង​​សម័យ​លន់ នល់។

ក្រោយពី​​ឪពុក​​ស្លាប់​​ទៅ​​កុមារ​សុប្រាជ្ញ​​ នៅជាមួយ​​ម្តាយ​​ដែល​​ជា​ស្រ្តី​​ម៉េម៉ាយ​ អ្នកស្រី ស៊ីវ ឃីម ​នៅ​​ក្នុង​​ភូមិ​​ស្តុក​ស្តម្ភ ​ឃុំជ្រាប់​ ស្រុក​​សន្ទុក​ ខេត្ត​​កំពង់ធំ​​ រហូត​​ដល់​​បែក​​ ប៉ុល ពត​ ​ទើប​​រត់​មក​​រស់​នៅក្នុង​​ក្រុង​ភ្នំពេញ​នឹង​​គេ​ ដើម្បី​​ឲ្យ​កុមារ​​សុប្រាជ្ញ ​រៀន​​បាន​ខ្ពង់​​ខ្ពស់​​នឹង​គេ​នៅ​​ពេល​​ធំ​​ឡើង​ នេះ​គឺ​​ជាក្តី​​ស្រម៉ៃ​​របស់​​ម្តាយ​​កុមារ​​សុប្រាជ្ញ​។ ​ហើយ​ក៏​​មិន​មែន​​ជា​ការ​​ចៃដន្យ​​ដែរ​​ដែល​ ​ម្តាយ​​         សុប្រាជ្ញ ​សម្រេច​​មិន​​រៀបការ​​ជាលើក​​ទី២​ដែរ​ ពីព្រោះ​​ខ្លាច​​មាន​អំពើ​​ហិង្សា​​ក្នុង គ្រួសារ​កើត​​ឡើង​ម​ក​​​លើ​​សុប្រាជ្ញ​។​​

ភូមិស្តុកស្តម្ភ ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ នៅលើផ្លូវជាតិលេខ៦ ចម្ងាយ១៤៥គីឡូម៉ែត្រពីភ្នំពេញ។

នៅ​ពេល​​អាយុ​​បាន​​៦ឆ្នាំ​ កុមារ​​សុប្រាជ្ញ ​បាន​​ចុះឈ្មោះ​​ចូលរៀន​​ថ្នាក់​ទី១​ នៅ​សាលា​​បឋម​​សិក្សា​​វត្ត​ព្រះពុទ្ធ​​នៅ​ឆ្នាំ​​១៩៨២​ ​​   ខណៈ​​ដែល​​ម្តាយ​​ធ្វើការ​​ជា​​គ្រូ​បង្រៀន​​សុប្រាជ្ញ​​ផ្ទាល់​​ផង​​ដែរ​ គាត់​តែង​​តែ​​ដាស់​តឿន​​កុមារ​​សុប្រាជ្ញ​​ថា​ បើ​ឯង​​ចង់​ពូកែ​​ខ្មែរ​ និង​តែង​​សេចក្តី​​ទាល់​តែ​​ ឯង​​អាន​​កាសែត​​ឲ្យ​បាន​​ច្រើន​ តែ​​កុមារ​​សុប្រាជ្ញ ​បាន​​ឆ្លើយ​​តប​​ម្តាយ​​វិញ​​ថា​៖​«​កាសែត​​​ទាំង​នោះ​​មើល​​ទៅ​អត់​​មាន​ខ្លឹម​​សារ​​ផង​ អាន​នាំ​តែ​​ខាត​​ពេល​​វេលា ​ដើរ​​លេង​​វិញ​ល្អ​​ជាង​!​»​។

រូបថត កុមារសុប្រាជ្ញ ជាមួយម្តាយ ដែលជាគ្រូបង្រៀន​បឋម​សិក្សា​វត្តព្រះពុទ្ធ កាលពីឆ្នាំ១៩៨២។

កុមារសុប្រាជ្ញ ឈរនៅក្បែរម្តាយដែលឈរនៅចុងខាងស្តាំ។ រូបថតអនុស្សាវរីយ៍ បន្ទាប់ពីបញ្ចប់វគ្គបំប៉នបន្ថែមគ្រូបឋមសិក្សានៅរាជធានីភ្នំពេញនៅឆ្នាំ១៩៨១  ក្នុងបរិវេណវិទ្យាល័យព្រះស៊ីសុវត្ថិ។

នៅឆ្នាំ​១​៩៨៦  ​​លោកបាន​បន្ត​​មក​រៀន​​វិទ្យាល័យ​បាក់​ទូក​រហូត​​ដល់​ឆ្នាំ​​១៩៩២​​ ​​នៅ​ពេល​​ប្រលង​​បាក់​ឌុប​ តែ​អ្វី​​ដែល​គេ​​កត់​​សម្គាល់​​នៅ​ពេល​​នោះ​គឺ​ ​សុប្រាជ្ញ ​ជា​កូន​​សិស្ស​​ពូកែ​​ស្ទើរ​តែ​​គ្រប់​​មុខ​វិជ្ជា​ តែ​​មុខវិជ្ជា​​ដែល​​ខ្សោយ​​តែ​មួយ​​ទេ​មាន​​ធ្លាក់​ម្តង​​ម្កាល​​ដែរ​​គឺ​មុខ​វិជ្ជា​ទស្សន​វិជ្ជា ​ដែល​​ជា​មុ​ខ​វិជ្ជា​យក​មក​វិញ​​ថ្មី​​ស្រឡាង​​កាលពី​​សម័យ​នោះ ហើយជា​មុខវិជ្ជា​មើល​មិន​​ឃើញ ​តែ​ដោយ​​តែ​​សុប្រាជ្ញ​​មាន​មូល​ដ្ឋាន​គ្រឹះ​​រឹងម៉ាំ​​ដូច​​នេះ ​ទើប​ក្លាយ​ជា​សិស្ស​​ឆ្នើម​​ជាប់​និទ្ទេស«ល្អបង្គួរ» ខណៈ​​សម័យកាល​​នោះ​​ការ​ប្រលង​​តឹង​​ជាង​ខ្សែ​​ចាប៉ី ​មិន​​ងាយ​​យក​​និទ្ទេស​​«ល្អបង្គួរ»ជាប់បាក់​ឌុប​​បាន​​ដោយ​​ស្រួល​​នោះ​​ទេ។​

លោក សុប្រាជ្ញ ទទួលបាននិទ្ទេស «ល្អបង្គួរ» ពេលប្រឡងបាក់ឌុបឆ្នាំ១៩៩២។​

ដោយ​សារ​​ស្លឹក​​ឈើជ្រុះ​​មិន​ឆ្ងាយ​​ពីគល់​យុវវ័យ​​ សុប្រាជ្ញ ​​ចង់​​ធ្វើជា​​​គ្រូបង្រៀន​​​ដូច​​ម្តាយ​​ដែរ​​ ក៏​បាន​​ប្រឡង​​ជាប់​​អាហារ​រូប​ករណ៍​​រដ្ឋ នៅ​សាកល​​វិទ្យាល័យ​​ភូមិន្ទ​​ភ្នំពេញ​ និង​​ប្រលង​​ជាប់​ធ្វើ​ជា​គ្រូ​​​​គីមីវិទ្យា ​​នៅ​​សា​លា​​គរុ​កោសល្យ​​ ដែ​ល​​បច្ចុប្បន្ន​​ជា​វិទ្យាស្ថាន​​ជាតិ​អប់រំ​​ដល់​ឆ្នាំ​​១៩៩៨​ ហើយ​​ក្រសួង​អប់រំ​​បាន​​បញ្ជូន​ លោក​ ​សុប្រាជ្ញ​​ឲ្យ​ទៅ​បង្រៀន​​នៅ​វិទ្យា​ល័យ​​បាទី​ នៅ​​ខេត្តតាកែវ​​           ឯណោះ។​ ​ហើយ​​ដោយ​សារ​​ម្តាយ​​នៅ​តែ​ឯង​ និង​​គ្មាន​​សោហ៊ុយ​​ធ្វើ​ដំ​ណើរ​​ទៅ​​បង្រៀន​​ផង​ ក៏​ឈប់​វិញ​​បន្ទាប់​​ពី​ទៅ​​បង្រៀន​​បាន​ត្រឹម​​តែមួយ​​អាទិត្យ​​ប៉ុណ្ណោះ​​។​

ជីវិត​​ការងារ​​របស់​​លោក ​សុប្រាជ្ញ ​ចាប់ផ្តើម​​តែល​​តោល​ ចាប់​​នេះ​​ខុស​ ចាប់​​នោះ​​ខុយ​ ត្រូ​វ​បាន​​​គេ​ចំអក​ជារ៉ើយៗ​​ឲ្យផង​​ខណៈ​​ដែល​​រក​ការងារ​​ធ្វើ​មិន​​បាន​ មិត្តភក្តិ​គេ​មាន​ការ​ងារ​ធ្វើ​​អស់​​ហើយ​។​ តែ​​លោក​ សុប្រាជ្ញ ​នៅតែ​​ប្រឹង​ប្រែង​ ដោយ​មាន​​ជំនឿ​​លើ​សមត្ថ​ភាព​ និង​​មូលដ្ឋាន​​គ្រឹះ​​ផង​ គឺ​នៅ​តែ​​មាន​​សង្ឃឹម​​រហូត​។​ មិន​​យូរ​​ប៉ុន្មាន​លោក​​ សុប្រាជ្ញ​​រកការ​ងារ​​បាន​​ធ្វើ​​បណ្តើរៗ​ ទោះ​​បី​ជា​ប្រាក់​​បន្តិច​បន្តួច​​ ហើយ​​ឆ្នាំ​​២០០១​ បាន​​ចូល​ធ្វើការ​​អង្គការ​​ក្រៅ​​រដ្ឋាភិបាល​​​ពេញ​​សិទ្ធិ​ នៅ​​អង្គការ​​GAD/​C​ បន្ទាប់​​មកទៀត​​ប្តូរ​ទៅធ្វើការ​​នៅ​អង្គការ​​CARE​វិញ​។

នៅឆ្នាំ​​២០០៦ ​ដោយ​សារ​ លោក ​សុប្រាជ្ញ ​មិន​សូវ​​ចូល​ចិត្ត​​ធ្វើការ​​មាន​​មេ​មាន​​កើយ​​ច្រើន​ គោរព​​លិច​ គោរព​​កើត​​រញ៉េ​រញ៉ៃ ​ក៏​ចាប់ផ្តើម​​ដើរ​ធ្វើ​ការងារ​​ជាទីប្រឹក្សា​​ឯករាជ្យ​ដែល​មាន​រយៈពេល​ខ្លីៗ​​ទៅ​ គ្មាន​​នរណា​​គ្រប់​គ្រង​​ទេ​ ហើយងា​យ​​ស្រួល​តាំង​ពី​ឆ្នាំ​២០០៦​​រហូត​មក​​ទល់​​ពេល​នេះ​។ ​

ជាមួយ​នឹង​​ពេល​​កំពុង​​ធ្វើការ​ងារ​​បណ្តើរ​ លោក​​ សុប្រាជ្ញ ​សម្រេច​​ចិត្តប្តូរ​​យក​​ប្រាក់ខែ​​រៀនបន្ថែម​​​២ឆ្នាំ​​ទៅ​​ដើម្បី​​យក​មក​​សំងំ​រៀន​​រហូត​​ចប់​​អនុ​បណ្ឌិត​​ផ្នែក​​សុខ​ភាព​​សាធារណៈ ​នៅ​សាកល​វិទ្យាល័យ​​កម្ពុជា​​ឆ្នាំ​២០០៨​​។​ ចាប់​ពី​ពេល​នោះ​​មក​ជីវិត​​របស់​​លោក ​សុប្រាជ្ញ ​ចាប់​ផ្តើម​​​មាន​​ពន្លឺ​កាន់​​តែ​​ភ្លឺ​​ឡើងៗ​ បាន​​ទាំង​​វិជ្ជា​​គុន ​បាន​​ទាំង​​អក្សរ​​សាស្ត្រ ​ទទួល​​បាន​​ការងារ​ល្អៗ​​ពេលខ្លីៗ​​នៅតាម​​បណ្តា​​អង្គការ​​ជាតិ​ ​អន្តរ​​ជាតិ​ ​អង្គការ​​សហ​ប្រជា​ជាតិ ​និង​ស្ថាប័ន​​រដ្ឋាភិបាល​​មួយ​ចំនួន​​ជាដើម​។ ​សម្រាប់​​ស្នាដៃ​​សំខាន់ៗ​ ដែល​​លោក ​សុប្រាជ្ញ ​សរសេរ​​របាយការណ៍​​ស្រាវជ្រាវ​​ទាំង​ការងារ​ និង​ទាំង​ខ្លួន​ឯ​ងបាន​ជិត២០​ក្បាល​​ផ្សព្វផ្សាយ​​​រួចហើយ ​ស្នាដៃ​ល្បី​​ជាង​គេនោះ​​គឺ​ការ​សិក្សាលើបញ្ហា​ការចាប់​រំលោភ​សេពសន្ថវៈ​ដោយ​ក្រុមស្ទាវ ​«រំលោភបូក​»​​ និង​​ទិវា​​នៃ​​ក្តី​ស្រ​ឡាញ់​(ហៅ​បុណ្យ​សង្សា​)។​​

ក្រប​របាយការណ៍ស្តីអំពីទិវានៃ ក្តីស្រឡាញ់ ឆ្នាំ២០០៩ – ឆ្នាំ២០១៤។

ក្នុង​​ការងារ​​នោះ​​លោក​​តែង​ត្រូវ​​បាន​​គេ​​អញ្ជើញ​ឲ្យ​​ចូលរូម​ សិក្ខា​​សាលា​​ថ្នាក់​​អន្តរជាតិ​​ច្រើន​​ធ្លាប់​​ចេញ​​ទៅ​​សិក្ខា​​សាលា ​សន្និសិទ​អន្តរជាតិ​​ច្រើន​ប្រទេស​​​ក្នុង​​តំបន់​​អាស៊ី​អាគ្នេយ៍ ​និង​​ប្រទេស​​អាស៊ី​ខ្លះ ​ចំណែក​​ការ​​ចូលរួម​​ទាំង​​ប្រជុំ ​ទាំង​ដើរ​​លេង​​កម្សាន្ត​​សិក្សា​​មាន​៖​​ សហរដ្ឋ​អា​មេរិក​ អាឡឺម៉ង់ ​អ៊ីតាលី បារាំង​ អង់គ្លេស ស្កត់ឡេន ស៊ុយអែត ដានណឺម៉ាក ន័រវ៉េស​​…ជាដើម​។​ ច្រើន​ជាង​​នេះ​​ទៀត​តែ​ង​បាន​​ប្រឡូក ​ក្នុង​​វេទិកា​​អ្នក​ដឹកនាំ​វ័យក្មេង​​របស់​​អាស៊ាន​​នៅ​កម្ពុជា​កាល​​ពីឆ្នាំ​២០១២​កន្លង​​ទៅ​ថ្មីៗ​​​។​​

ថ្វីត្បិត​​តែ​លោក​​មិន​បាន​​ទៅសិក្សា​​នៅ​ប្រទេស​​ក្រៅ​​ក្តី​ លោក​​ក៏​បាន​​​រៀន​​​តាម​រយៈ​​បណ្តុះ​បណ្តាល​​វគ្គ​ខ្លីៗ​ និង​ប្រជុំ ​ថ្នាក់​​តំបន់​​អាស៊ាន ​និង​​អន្តរជាតិ​​នានា​​ផង​ដែរ​។​ ទាំងនេះ​ ហើយដែល            ​​បទពិសោធន៍ដ៏​​ច្រើន​​​សន្ធឹក​​សន្ធាប់ ​ធ្វើឲ្យ​​លោក ​សុប្រាជ្ញ ​មាន​​ជាមូល​ដ្ឋាន​គ្រឹះ​​កាន់​តែ​​រឹងម៉ាំ​​ថែម​ទៀត​ ក្នុង​ការអភិវ​ឌ្ឍ​ខ្លួន​​ធ្វើឲ្យ​​លោកក្លាយ​​ជា​​អ្នក​វិភាគ​​សង្គម​វ័យក្មេង​​ដោយ​​មិនដឹង​​ខ្លួន​​នោះ។​

លោក សុប្រាជ្ញ ទទួលវិញ្ញាបនបត្របញ្ជាក់ការបណ្តុះបណ្តាល ពីលោកស្រី Roberta Clarke តំណាងអង្គការសហប្រជាជាតិដើម្បីស្ត្រី  UN Women ប្រចាំអាស៊ីប៉ាស៊ីហ្វិក។

មិនដឹង​​ខ្លួន​ហ្នឹង​​នៅ​​ត្រង់​ថា​ កាល​ពី​នៅ​​រៀន​​ខ្សោយ​​ណាស់​​មុខវិជ្ជា​​ទស្សន​វិជ្ជា​ហ្នឹង​​ ហើយ​​ថែមទាំង​​ពេលខ្លះ​​ពិន្ទុ​ធ្លាក់​ទៀត​​ និង​​មិនដែល​បាន​​រៀន​​​វគ្គសារ​ព័ត៌មាន​​ណា​​បន្តិច​​ផង​ បែរជា​​ក្រោយ​​ពី​សរសេរ​​ចេញ​ជា​​រូបរាង​ ក្លាយ​​ទៅ​ជា​​អ្នកវិភាគ​​សង្គម​បែប​​ទស្សនៈ​​ដ៏​ពូកែ​​ម្នាក់​ទៅវិញ​ ​ដែល​អ្នក​អាន​ទាំង​អស់​​តែង​ផ្តល់​​តម្លៃ​ឲ្យ​​នោះ​។​ ផ្តល់​​តម្លៃនោះ​​នៅ​ត្រង់​ថា​ អត្ថបទ​​នីមួយៗ​​បើសិន​អាន​​ហើយ​គឺ​​មិន​ចង់​​ឈប់​នៅ​​ត្រឹម​ពាក់​កណ្តាល​​នោះទេ ​មានន័យ​​ថា​អាន​​ទាល់​តែចប់​​ទើប​​អស់ចិត្ត​។ ​

ទោះ​ជា​យ៉ាង​ណា​ ក៏​លោក​​សុប្រាជ្ញ​ នៅតែ​​សារ​ភាព​​ថា ​មិនមែន​កើត​មក​​ចេះ​ ឬក៏​​ពូជ​​          លោក ​សុប្រាជ្ញ​នោះ​​ពូកែអ៊ី​ចឹង​​នោះ​​ទេ ​គឺ​អ្វីៗ​​ធ្វើទៅ​​តាម​លក្ខណៈ​​បែប​​ការ​គិត​​ដោយ​​សុភវិនិច្ឆ័យ មក​ពី​ការ​សិក្សា​​ភាសា​បារាំង​​ និង​​​តាម​​លក្ខណៈ​​បច្ចេក​ទេស​​ស្រាវជ្រាវ​​ទាំង​​បរិមាណ​​វិស័យ ​និង​គុណ​ភាព​​វិស័យ​​ច្រើន​​ជាង​គេ ​ក្រៅពី​​នោះចេះ​​ពី​គ្រូ​ខ្លះ​ ពីមិត្ត​ភក្តិខ្លះ ​ក្នុង​​គ្រួសារ​​ខ្លះ​ ពី​​មិត្តអ្នក​​អាន​​ខ្លះ​​​ដែរ​។

ជាមួយ​គ្នា​នេះ​​ដែរ​​លោក​​ក៏​បាន​ចំណេះពី​ការ​​ដើរ​​កម្សាន្ត​​ទាំង​ក្នុង​​ស្រុក​ និង​​ក្រៅ​ស្រុក​​ផង​ដែរ​។ ​អ្វី​ដែល​​ជាចំណុច​​ខ្លាំង​​នោះ ​លោក សុប្រាជ្ញ មើល​​ឃើញ​​លេខ​​សរសេរ​​ឲ្យ​​ទៅជា​អក្សរ​​បាន​​ហើយ​​មាន​ន័យ​​គ្រប់គ្រាន់​​ទៀត​ ការ​ជជែក​​គ្នាជាមួយ​​មនុស្ស​​ទូទៅ ​និង​ការ​​តាមដាន​​នូវរាល់​​អត្ថបទ​​នីមួយៗ​​ថា​តើ​មាន​អ្វីខ្លះ​​ប្រែ​ប្រួល​ ឬ​​មាន​​ការ​ផ្លាស់​ប្តូ​រ​ហើយ​​ឬនៅ​?​ បើ​​នៅតែ​ ​ព្យា​យាម​​លើក​​យក​​បញ្ហា​​នោះ​​មក​​លើក​​ក្រោយៗ​​ទៀត​។ ជា​ង​​នេះទៅ​​ទៀត ​លោក ​សុប្រាជ្ញ ​មាន​​គោល​បំណង​​ច្បាស់លាស់​​ក្នុង​​ការ​​សរសេរ​​នេះ​​  គឺ​ចង់​ឲ្យ​មាន​​ការផ្លាស់​ប្តូរ​​នូវ​             គោល​​នយោ​បាយ ​និង​​ឥរិយាបទ​​ជា​វិជ្ជ​មាន​។ ​ហើយ​​លោក ​មាន​​ទស្សន​ទាន​​ប្រកាន់​​យក​​គោលការណ៍​​ចេះ​ដប់​ ហើយ​​ត្រូវ​ចេះ​​ប្រសព្វ​​មួយ​​ទៀត​​​។​

លោក សុប្រាជ្ញ ទៅទស្សនកិច្ចសិក្សាសាកលវិទ្យាល័យខេមប្រីដជ៍(Cambridge)នៃចក្រភពអង់គ្លេស នៅឆ្នាំ២០០៦។

និយាយ​​ផង​ ធ្វើកាយ​​វិការ​​ផង​ ម្តងម្កាល​​យក​​ដៃ​ឆ្វេង​​លើក​វែន​តា​ ដៃស្តាំ​​លើក​​ពែង​​កាហ្វេ​​ហូប​​បណ្តើរ ​លោក ​សុប្រាជ្ញ ​បាន​រៀប​​រាប់​ពី​ទំនាក់​ទំនង​​រវាង​​ម្តាយ​ ​និង​លោក​ និយាយ​​បែប​​លេង​​សើច​​ជាមួយ​​ម្តាយ​​ថា​៖«​ម៉ាក់​ឯង​ចេះ​​តែ​សរសើរ​​ លោកតា​ សាមុត ​ទៅដល់​​កន្លែង​​ណា​​គឺ​បាន​​ចម្រៀង​​មួយ​ប​​ទ​​ហើយ ​កូន​ម៉ាក់​ឥឡូវ​​មិន​អន់​​ជាង​​តា ​សាមុត​​ប៉ុន្មាន​​ទេ ​ទៅទីណា​​បាន​​មួយ​​អត្ថបទ​​វិភាគ​ដូច​គ្នា​​តើ​?​ មាន​​ទៅ​អន់​អី​ប៉ុន្មាន​?​​ …ម៉ាក់​​ឯង​ធ្លាប់​​សរសើរ​​លោក ​សុទ្ធ ​ប៉ូលីន​​អ្នក​​សរសេរ​​កាសែត​ល្បី​​កាលពី​​សម័យ​សង្គម​​រាស្រ្ត​​និយម​ តែកូ​ន​​ម៉ាក់ឯង​​ក៏​មិន​អន់​​ជាង​​គាត់​ប៉ុន្មាន​​ទេម្យ៉ាង​​ម្នាក់​​ទេ​តើ​? ​គ្រាន់​ខុ​ស​​សម័យ​​កាល​គ្នា​តើ ​ស្រការ​​ចាក់​​ដូច​គ្នា​​ទេ​​តើ​!​»។​

ទោះជា​​យ៉ាងនេះ​​ក៏ដោយ​​ ក៏វាមិនមែន​​ជារឿង​​ចៃ​ដន្យ​​ដែរ​ ការសរសេរ​​ពូ​កែ​បែប​នេះ ​គឺ​ដើម​​ឡើយ​នៅ​ឆ្នាំ​​២០០៧​​ ​លោក​​បាន​ស្ម័គ្រចិត្ត​​ដោយ​​ខ្លួន​​ឯង ​សរសេរ​​បែប​​លិខិត​​មិត្ត​​អ្នក​អាន​​ជាភាសា​​អង់គ្លេស​​ផ្ញើទៅ​​ឲ្យ​​កាសែត​​ឌឹឃែម​បូឌា​​ដេលី ​និង​​កាសែត​​ភ្នំពេញ​​ប៉ុស្តិ៍ ​ឧស្សាហ៍​​ចុះផ្សាយ​​ឲ្យ​​ដូចជា ​អត្ថបទ​​វិភាគ​រឿង​​ឡាន​​សារ៉ែ​ន​​បើក​​ប៉ាត​ណា​​ប៉ាតណី​ ​​និង​​អត្ថបទ​​ផ្សេង​​ទៀត ​អស់​​រយៈ​​ពេល៤​​ឆ្នាំទើ​ប​ឃើញ​​ថា​មាន​​ឥទ្ធិពល​​ធ្វើឲ្យ​ស​ង្គម​​មាន​ការផ្លាស់​ប្តូរ​ ឡាន​​សារ៉ែ​ន​​លែង​បើក​​ឆ្វេក​-ឆ្វាច​​ច្រើន​​ដូច​មុន​​ទៀត​​ហើ​យ​។ ​

នៅឆ្នាំ​​២០០៩​​ លោក​​​បាន​ជួប​ជាមួយ​​ចាងហ្វាង​​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ លោក រ៉ូស ដាំងឃ្លី ​នៅ​រាត្រីស្រមោលស​នៃ​ពិធី​ជប់​លៀង​​មួយ ​ហើយ​​លោក​​ក៏បាន​​សួរ​មក​​លោក​ ​សុប្រាជ្ញ​​ថា​​ឯង​សរសេរ​​អានេះ​(លិខិត​មិត្តអ្ន​ក​អាន​)អ​ត់​​លុយ​ទេ​​ តែ​​បើឯង​​សរសេរ​​អានោះ​(អត្ថបទ​វិភាគ​)​បាន​​លុយ​ ហើយ​ចុះ​​ឲ្យ​ឯង​​រាល់​​លេខដែល​បានចុះ​ទៀត​!​។

នៅពេល​​គេ​​​ប្រាប់​ថា​សរសេរ​​កន្លែង​នេះ​​គេមាន​​​លុយ​​ឲ្យ​ សរសេរ​​ដូច​​មុន​អត់​​មាន​​លុយ​ទេ​។ ​ពេលនោះ​​លោក​​​​ពិចារណា​ថា​គេ​ចង់​ទិញ​យើង​ហើយ ​​ឬអី​? ​បន្ទាប់មក​មិនទាន់​ហ៊ាន​​​ឆ្លើយ​​​តប​​ភ្លាមៗ​​ទេ​​ ពិចារណា​​យូ​រ​ខែ ​​ព្រោះ​​ខ្លាច​​សរសេរ​​អត់​​ល្អ​ទៅ ​ធ្វើ​ឲ្យ​​ប៉ះ​ពាល់​​ការងារ​​ដាច់​អាជីព​ជា​​ទីប្រឹក្សា​​រយៈពេល​ខ្លី​ៗ​​នោះ​ទៀត​​។ ​រហូតដ​ល់​ថ្ងៃ​ទី​២១ ​ខែ​​កុម្ភៈ ​ឆ្នាំ​២០១១​ ទើប​​សម្រេច​​ចិត្ត  ​​សរសេរ​ឲ្យ​ភ្នំពេញប៉ុស្តិ៍​​​ជាអ្ន​កវិភាគ​​សង្គម​​ប្រចាំ​​សប្តាហ៍​របស់​​កាសែត​​ភ្នំពេញ​ប៉ុស្តិ៍​ រហូត​​មក​ទល់​​ពេល​​បច្ចុប្បន្ន​។​​

លោក​ សុប្រាជ្ញ​​បាន​​បញ្ជាក់​​យ៉ាងច្បាស់​ថា​​លោក​​មិនមែន​​ជា​មនុស្ស​​មាន​អំណាច​​នោះ​ទេ​ តែ​ជាម​នុស្ស​មាន​ឥទ្ធិពល​​នៅក្នុង​​សង្គម​​ ហេតុ​ដូច​​នេះរាល់​​ការសរសេរ​​មាន​ការ​ប្រយ័ត្ន​​ប្រយ៉ែង​​ខ្លាំង​​ណាស់ ​បើ​ឲ្យ​សារ​​ខុស​​ធ្វើឲ្យ​ប៉ះ​ពាល់​​មិត្ត​អ្នក​អាន​ និងសង្គម​។ ​ប៉ុន្តែ​​ទោះ​​មាន ប្រាក់​​ខែ​នៅ​​កាសែត​​ភ្នំពេញប៉ុស្តិ៍ ​​និង​​នៅកន្លែង​​ផ្សេងៗ​​ច្រើន​​ទៀត​​តាម​រយៈ​​ការធ្វើ​​ការងារ​ខ្លីៗ​​ក៏ដោយ​ បើ​មើល​​មក​ជីវិត​​ផ្ទាល់​​ខ្លួន​​វិញ​ លោក​​ធ្វើ​បែប​​សាម​ញ្ញ​​មិន​ព្យាយាម​​ជិះ​ឡាន​​ទំនើប​ ខោអាវ​​បែប​អ្នក​​ឡូយ​​ឆាយ​​អីទេ​ ជិះតែ​​ម៉ូតូ​​វេស្ប៉ា​​កញ្ចាស់​​​ឆ្នាំ​ហុក​សិប​​លាន់​សម្លេង​​ប៉្រែនៗ​​​ពាក់​មួក​​សុវត្ថិភាព​កា​តិប​​ សំពាយ​សាក់​កាដូរ​​ទៅធ្វើ​ការ​​រាល់​ថ្ងៃ​​បែប​​ធ្វើ​មិន​​ដឹង​។​

រូបថតអនុស្សាវរីយ៍ លោក សុប្រាជ្ញ ជាមួយក្រុមយុវជន​ម៊ិចស៊ិកកូ នៅប្រទេស​ម៉ិចស៊ិកកូឆ្នាំ២០០៤។

និយាយៗ​​ភ្លេចៗ​​ខ្លួន​​មក​ទ​ល់​​ពេល​​នេះ ​លោ​ក ​សុប្រាជ្ញ ​អាយុ​​ក្បែរ​សែ​សិប​ឆ្នាំ​​ទៅ​ហើយ​ មើល​​ទៅ​សក់​វិញ​ល្បាយ​​អាចម៌​​ខ្លាលាយ​​ស្កូវ​​មួយៗ​​ទៅ​ហើយ​ តែបើ​​មើល​មុខ​​នៅក្មេ​ង​​ដូច​យុវវ័យទើប​ជាង​​២០ឆ្នាំ​​ប៉ុណ្ណោះ​។​​ យ៉ាងណា​​ក៏​ដោយ​​ការ​វិភាគ​​សង្គមនេះ ​​មិនមែន​​ឲ្យ​តែ​​អ្នក​   កា​សែត ​សុទ្ធ​តែ​ធ្វើ​បាន​​គ្រប់គ្នាៗ​​នោះ​ទេ​ ហើយ​​ការ​សរសេរ​​មិនថា​​ចេះតែ​​មាន​​គំនិត​​សរសេរ​​គ្រប់​​ពេល​​ដែរ​ ជួនកាល​​ ក៏សុញ​ក្ឌៀន​យោបល់​ដែរ​។​​

​​បើ​នឹក​​ឃើញ​​សរសេរ​​មួយៗ​​គឺ​ត្រូវ​ការ​​ស្រាវ​ជ្រាវ​​ខ្លាំង​​មែន​ទែន​ ដែល​​ជំនាញ​​នេះមិន​​អាច​​ចៀស​​បាន​ ពិសេស​​លោក​​មាន​​ដុង​ស្រាវជ្រាវ​​​ហ្នឹង​ច្រើន​​ឆ្នាំ​មក​ហើយ ​​ជាង​នេះ​​ទៅទៀត​​លោក សុប្រាជ្ញ​ ​បាន​រៀប​ចំ​ឧបករណ៍​​វែង​កម្រិត​​អត្ថន័យ​ និង​​ខ្លឹមសារ​​នៃ​អត្ថបទ​​មួយៗ ​មិន​​ចេះតែ​​សរសេរ​​តាមចិត្ត​​នឹកឃើញ​​នោះ​ទេ​។ ​​ជាមួយ​គ្នា​នេះ​​ដែរ​ លោក​​លើក​​បែប​​កំប្លែង​​លេង​​ថា​៖«​មិត្តអ្នក​អាន​គាត់​អាន​អត្ថបទ​​ខ្ញុំ​ស្រួល​ទេ​ ប្រើ​រយៈ​ពេល​តែ៥​នាទី​គាត់​​អាន​ចប់​បាត់​ តែខ្ញុំ​អ្នក​​សរសេរ​​វិញ​ដេក-ដើរ​​គិត​ អាន​​សារព័ត៌​មាន ​និង​​​ឯកសារ​ច្រើន​​ណាស់ ​មួយ​​អាទិត្យៗ​​ទ​​ម្រាំ សន្សំ​​បាន​​មួយ​​អត្ថបទ​ ជួន​កាល​​សន្សំ​​គំនិត​​តាំង​៣ ទៅ៤​​ខែ​មុន​ឯណោះ​ ទើប​​យក​​មក​​ប្រើគឺ ធ្វើម៉េច​​ឲ្យ​មាន​​អ្វីថ្មី​​សម្រាប់​​អ្នក​​អាន​​»។

ពេល​នឹក​​ឃើញ​​រឿង​​រ​ក​មុមសរសេរ​​បាន​​ហើយ ​ក៏មិន​​ទាន់​​សរសេរ​​ភ្លាម​​ដែរ ​គឺ​ត្រូវ​​រៀប​​គ្រោង ​ឆ្អឹង​​នៃ​រឿង​​ថា ​តើចា​ប់​ផ្តើម​​ប្រធាន​​បទ​​ពីអ្វី​ ចូល​​តួសេចក្តី​​ភ្ជាប់​​ដោយអ្វី​ មាន​​ទិន្នន័យ​​តួលេខ​អ្វី​ខ្លះ​ ដែល​​ធ្វើឲ្យ​​អត្ថបទ​​មាន​​ទម្ងន់​ ជា​ចំ​ណី​ឆ្ងាញ់​​របស់​​មិត្ត​អ្នក​អាន​។ ​ជាទូទៅ​រាល់មុនពេល​ចាប់ផ្តើម​ក្នុង​ការសរសេរ​ លោក សុប្រាជ្ញ ​បានលើក​គំនិត​ផ្តួចផ្តើម​នូវ​រឿង​ដែល​នឹង​ត្រូវ​សរសេរ​មកពិគ្រោះ​​យោបល់​​គ្នា​​ជាមួយ​​នឹង​​លោក​​និពន្ធ​​នាយក​ ឬក៏​ប្រធាន​គ្រប់គ្រង​កា​រី​ និពន្ធ​ដើម្បី​ជ្រើសរើស​យក​ប្រធានបទ​ណាមួយ​ដែល​សាក​សមទៅ​នឹង​សភាពការណ៍​បច្ចុប្បន្ន​ផងដែរ​។ ​នៅពេល​ដែល​បាន​មុមច្បាស់លាស់​ហើយ​គឺចាប់​ផ្តើម​ស្រាវជ្រាវ​ប្រមូល​ឯកសារ​ ច្បាប់ ​និង​ទិន្នន័យ​ដែល​ពាក់ព័ន្ធ​ធ្វើការ​ដកស្រង់​មកប្រើ ​​បន្ទាប់​មកចាប់ផ្តើម​រៀបចំ​​ទ្រង់ទ្រាយ​​គ្រោងឆ្អឹង​​គ្រប់​ហើយ​ក៏​ចាប់ផ្តើម​​សាងសង់​​សរសេរ​​អត្ថបទ​​នោះ​​ឡើង​។

ប៉ុន្តែគំនិត​​ខ្លួនឯង​​តែម្នាក់​​ក៏មិន​មែន​​សុទ្ធតែ​​គ្រប់ជ្រុង​​ជ្រោយ​​នោះ​​ដែរ​ គឺ​ធ្វើ​ការ​បញ្ជាក់បន្ថែម​ជាមួយ​អ្នក​ប​ច្ចេកទេស ​ឬក៏​ជំនាញ​ជាក់​លាក់​វិស័យ​ណាមួយ​ដែលអាច​យកជា​ការ​បាន​គឺ​​ធ្វើយ៉ាង​ណា​ឲ្យអ្នក​អាន​ពេញ​ចិត្ត និង​ដើម្បី​ឲ្យ​អត្ថបទ​នីមួយៗ​ឲ្យ​ឆ្លុះ​​បញ្ចាំង​​តថភាព​​ក្នុង​​សង្គម​​ពិតៗ​។ ​ហើយ​​រាល់​ការ​​សរសេរ​​សុទ្ធ​​តែមា​ន​​ថ្លឹងថ្លែង​​ឲ្យ​មាន​​តុល្យភាព​​ជានិច្ច​ មិន​ឲ្យ​​លើស​​មិន​​អោយ​​ខ្វះ ​មិន​​សរសេរ​​សម្រាប់​​តែ​អ្នក​​ចេះ​​នោះ​​ទេ ​ត្រូវ​​ឲ្យ​អ្នក​អាន​​ចាប់​ពី​ ម៉ូតូ​ឌុប កម្មករ​រោងចក្រ ​​អ្នក​បើក​​ធុកៗ​ ពលរដ្ឋ​សាមញ្ញ អ្នកស្រាវជ្រាវ ​រហូតដល់​មន្រ្តីរាជការ​ថ្នាក់​ខ្ពស់ ​​ក៏​អាច​អាន​អត្ថប​ទ​​របស់​​លោក​ សុប្រាជ្ញ​​បាន​​ទាំង​អស់​​គ្នា​​។​​

ទោះ​​ជា​អត្ថបទ​​ល្អ​​រិះគន់​​បែប​​ស្ថាប​នា​ក៏​ដោយ​ ក៏​លោក ​សុប្រាជ្ញ​​តែង​ទ​ទួល​​បាន​មតិ​​រិះគន់ ​ពី​មិត្ត​​អ្នក​អាន​​ទាំងអស់ ​មិន​​ថាពល​​រដ្ឋ​អ្នក​​ចេះ​ដឹង​​នោះទេ ​សូម្បី​​អ្នកគាំទ្រ​​​ទាំង​ពីរ​​គណបក្ស​​គឺ​កាន់​​អំណាច​ និង​​​បក្ស​ជំទាស់​​​ តែង​​ប្រតិ​កម្ម​មក​​លោក​ ថា​លោក​​សរសេរ​នេះ​​លម្អៀង ​ទៅ​​គណបក្ស​​នេះ​​បក្ស​នោះ​​ជាដើម​។ ទី​បំផុត​​គ្មាន​បក្ស​ណា​មួយ​​ដែល​​លោក​​ពេញ​ចិត្ត​បម្រើ​​នោះ​ទេ ​​លោក​​មិន​ចង់​ក្លាយ​​ជា​តំណាង​​រាស្រ្ត​​អីទេ ​មើល​​ទៅ​​អ្នក​ន​យោបាយ​​គួរ​ឲ្យ​ខ្លាច​​បន្តិច​ ចំណែក​​លោក​​វិញ​​ធ្វើ​ជា​ពល​រដ្ឋ​​សាមញ្ញ​ អាច​​ជួយ​កែ​​លម្អរ​​សង្គម​​បាន​​មួយ​​ចំណែក​ ចាត់​ទុក​​ជា​ការ​ប្រសើរ​​ណាស់​ទៅ​​ហើយ​។ ​តែ​​លោក ​សុប្រាជ្ញ ​ទទួល​​ស្គាល់​​ថា​​អត្ថបទ​​របស់​​លោក​​ភាគ​​ច្រើន​​នៅ​មិន​​ទាន់​ទាក់​​ទាញ​​យុវជន​​ឲ្យ​ចូល​ចិត្ត​​អាន​​នៅ​​ឡើយ​​ទេ​ ដោ​យ​សារ​​តែ​​ពួក​គេចូល​​ចិត្ត​​អាន​​រឿង​​បែក​​ធ្លាយ និងឈូរឆរ​តាមគ្នា។​​​

លោក សុប្រាជ្ញ ថតអនុវស្សាវរីយ៍ ជាមួួយអ្នកដឹកនាំវ័យក្មេងអាស៊ាន នៅប្រទេសសឹង្ហបុរី ឆ្នាំ២០១៣។

យ៉ាង​ណា​​ក៏ដោយ​ លោក​ ​​សុប្រាជ្ញ មាន​គំនិត​​ផ្ទុយ​ពី​ទស្សនៈ​​មនុស្ស​​កាល​ពី​សម័យ​​ដើម​ ដែល​​គាត់​ចេះ​​១០​ គាត់​​ប្រាប់​គេ​​តែ​៨​​ទេ​​ទុក​២​​ការពារ​ខ្លួន ​ដល់​​ពេលនាំ​គ្នា​លាក់​​ម្នាក់​​បន្តិចៗ​ ខ្លាច​​គេចេះ​​ជាង​​ខ្លួន ​តែ​គា​ត់​​មិន​បាន​​ប្រឹងប្រែង​​ខិតខំ​​ទៅ​មុខ​​ទៅ​មុខ​​ទៀត​​ទេ ​ហេតុ​ដូច​នេះ​​ហើយ​​ធ្វើឲ្យ​​វិជ្ជាគុន​​ចេះ​តែ​ខ្សោយ​​ទៅៗ​។ ​

រីឯ​​លោក ​សុប្រាជ្ញ​​វិញ​​គឺ​ចេះ​​១០ ​ចង់​​អ៊ួត​ប្រាប់​​គេឲ្យ​ចេះ​​ដល់​​ទៅ​១២​​ឯ​ណោះ ​ព្រោះ​​លោក​​ច្បាស់​​ណាស់​​ថា​ទ​ម្រាំ​​គេ​​ចេះ​​ដល់​​លោក​ គឺ​លោក​​ចេះ​អ្វី​ប្លែកៗ​ថ្មីៗ​​ទៅ​មុខ​​បាត់​ទៀត​​ហើយ​ អ៊ីចឹង​ហើយ​​លោក​​អាច​​ប្រាប់​​បាន​​ទាំង​អស់​​ពី​រ​បៀប​​សរសេរ​ នៅ​ពេល​លោកត្រូ​​វ​បាន​គេ​អញ្ជើញ​ធ្វើជាវា​​​​គ្មិន​ម្តងៗ ​ដើម្បី​​​ឲ្យ​​​ចេះ​​​​ទាំងអស់​​គ្នា​ អភិ​វឌ្ឍន៍​​ប្រទេស​​ទាំងអស់​​គ្នា​ តែ​បើ​​សួរថា​​សប្តាហ៍​​ក្រោយ​ហ្នឹង​ចេញ​​ពីអ្វី​​គឺ​មិន​​អាច​​ប្រាប់​​បាន​​ទេ​​រឿង​​នេះ​។​​

ជា​ចុង​ក្រោយ​​នេះ ​លោក​ ​សុប្រាជ្ញ ​មាន​សារ​​មួយ​​​ខ្លីថា​ លោក​ដឹង​​ខ្លួនឯង​​ច្បាស់​​ណាស់​ថា​​លោកជា​​មនុស្ស​​សំខាន់​​ម្នាក់​​នៅ​​ក្នុង​​សង្គម​ ហើយ​​មិន​ច​ង់​ទៅរស់​​នៅ​ស្រុ​កគេ​​​ដែរ​ ព្រោះ​​តាំង​ពី​កើត​​ជំនាន់ ប៉ុល ពត ​មកធ្លាប់​ឆ្លង​​កាត់​ការ​លំ​បាក​​គ្រប់​​កាល​​ទេសៈ​ឆ្អែតហើយ​ ​ទម្រាំ​​បាន​​រីក​ចម្រើន​​មក​​ដល់​​បច្ចុប្បន្ន​​នេះ​រឿង​​អី​ លោក ​សុប្រាជ្ញ​​ត្រូវ​​ទៅ​​នៅ​ស្រុ​ក​​គេ​?​ លោកបន្ត​ទៀត​ថា៖ «ជាទូទៅ​​ស្រុកខ្មែរ​​យើង ​​សម្បូរ​​​ណាស់​​អ្នក​​​និយាយ​ ​និង​​អ្នកចាំ​​តែ​​ថា​​ តែ​​​កម្រ​​​មាន​​​អ្នក​​​សរសេរ​​​បែប​​​វិជ្ជាជីវៈ​​​​ណាស់​​»។​​​​​

រូបថត លោក សុប្រាជ្ញ​ដើរកំសាន្តនៅទីក្រុង Chicago នៃសហរដ្ឋអាមេរិក ឆ្នាំ២០១២។

មក​​ដល់​​ពេល​​នេះ ​សម្រាប់​​ជីវិត​រស់​​នៅ​​ក្នុង​​គ្រួសារ​វិ​ញ​ គឺ​លោក ​សុប្រាជ្ញ​ ​មាន​បុ​ត្រា ​និ​​ង​បុត្រី ​២​នាក់​ហើយ ​បន្ទាប់​​ពី​រៀប​​​អាពាហ៍​ពិពារហ៍​តាំង​​ឆ្នាំ​​២០១០​​មក​​ម្លេះ​​ជាមួយ​​អ្នក​​ស្រី   ង៉ូយ ចន្ធី ​   អ្នក​​ជំនាញ​​ខាង​​រៀប​ចំ​សម្អាងសក់​​មុខ​មាត់​ស្ត្រី ​គឺ​បើក​​មុខរបរ​​ធ្វើនៅ​​ផ្ទះ​​ខ្លួនឯង​​ផ្ទាល់​៕​​

បច្ចុប្បន្ននេះ ឆ្នាំ២០១៧ លោក សុប្រាជ្ញ និងអ្នកស្រី ចន្ធី មានបុត្រ៣ហើយគឺបុត្រា១ (ករណី) និងបុត្រី២ (រាជនី និង ម៉ូនីកា)។

ឯកសារយោងពីទស្សនាវដ្តីខែ្មរអប្សារាដែលបានចុះផ្សាយកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣៖

ទំព័រមុខរបស់ទស្សនាវដ្តី ដែលបានចុះផ្សាយកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣។

 

តុង សុប្រាជ្ញ ស្មេរវិភាគ លើទំព័រកាសែត។​  ទស្សនាវដ្តីខ្មែរអប្សារាទំព័រទី៣៦

 

ទស្សនាវដ្តីខ្មែរអប្សារា តពីទំព័រទី៣៦…